Boeung Ket Football Club

សេចក្តីថ្លែងការណ៍៖ បឹងកេត នឹងចូលរួមពានរង្វាន់ LEAGUE CUP 2021

ក្លិបបាល់ទាត់បឹងកេត មានកិត្តយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ពួកយើងនឹងចូលរួមក្នុងពានរង្វាន់ LEAGUE CUP 2021 ដែលរៀបចំឡើងដោយគណកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ដែលបានប្រកាសជាផ្លូវការក្នុងថ្ងៃសៅរ៍ ទី២៩ ខែ ឧសភា ឆ្នាំ ២០២១នេះ។

លោក បែ មករា អគ្គលេខាធិការរបស់ក្លិប បានបង្ហាញនូវចំណាប់អារម្មណ៍ជុំវិញការចូលរួមពានរង្វាន់នេះថា៖ “ យើងរីករាយក្នុងការចូលរួមក្នុងពានរង្វាន់ដ៏ល្អបែបនេះ ព្រោះជាឱកាសក្នុងការត្រៀមរៀបចំក្រុម អំឡុងពេលសម្រាកលីគកំពូលកម្ពុជា ដែលក្រុមជម្រើសជាតិ មានបេសកកម្មប្រកួតវគ្គជម្រុះ World Cup 2022 នៅប្រទេសបារ់ែន ” ។ “ មិនត្រឹមតែប៉ុណ្ណោះ គឺជាឱកាសល្អមួយសម្រាប់កីឡាករដែលពុំសូវបានបង្ហាញខ្លួន អាចបញ្ចេញនូវសមត្ថភាពរបស់ពួកគេ នៅក្នុងពានរង្វាន់ League Cup នេះ ហើយកាន់តែពិសេសជាងនេះទៅទៀត គឺជាការត្រៀមខ្លួនមួយបន្ថែមទៀតរបស់ពួកយើង សម្រាប់ចូលរួមពានរង្វាន់ AFC CUP នាពេលខាងមុខ ” ។

pic-support-article

ចំពោះព័ត៌មានលម្អិតអំពីក្រុមចូលរួម និងការចាប់ឆ្នោតបែងចែកពូល នឹងជូនដំណឹងនាពេលក្រោយ !!!

ទស្សនៈ និងការយល់ឃើញ របស់លោក គឹម ភក្តី ពីការប្រកួតដែលត្រលប់មកវិញ

បន្ទាប់ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានប្រកាសអំពីការបន្តដំណើរការលីគកំពូលកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ ក្រុមកីឡាករនៃក្លិបបាល់ទាត់បឹងកេត ដឹកនាំដោយលោក គឹម ភក្តី ជាគ្រូបង្គោល បានចាប់ផ្តើមយុទ្ធនាការហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមលក្ខណៈមុនការប្រកួតសប្តាហ៍ទី ២ ទល់នឹងអាស៊ីអឺរ៉ុប នៅថ្ងៃអាទិត្យ ទី១៦ ខែ ឧសភា ឆ្នាំ ២០២១។

pic-support-article1

pic-support-article

ជាមួយគ្នានោះផងដែរ ក្រុមការងារផ្សព្វផ្សាយរបស់ក្លិប បានចោទជាសំណួរសំខាន់ៗទៅកាន់លោកគ្រូជុំវិញការត្រលប់មកវិញ និងផែនការណ៍ផ្សេងៗដូចខាងក្រោម៖

១. លោកគ្រូ សូមបង្ហាញអំពីការយល់ឃើញ ចំពោះប្រកួតដែលត្រលប់មកវិញនៅចុងសប្តាហ៍នេះ ?

ចម្លើយ៖ ឥលូវគឺយើងចាប់ផ្តើមការហ្វឹកហាត់ឡើងវិញ ហើយយើងក៏មានពេលច្រើនគួរសមដែរ សម្រាប់ការប្រមូលកម្លាំង ស្មារតីមកវិញ និងសង្ឃឹមថាកីឡាករទាំងអស់ ធ្វើបានល្អក្នុងការប្រកួតនេះ។

២. អំពីទំនុកចិត្តវិញ តើលោកគ្រូមានកម្រិតណាដែរ ព្រោះយើងនៅតែមិនភ្លេចទេអំពី បរាជ័យ ០២ប្រកួតដំបូងរបស់យើង ដែលនាំឱ្យប្រកួតបន្តបន្ទាប់ទៅក្លាយជាសម្ពាធដល់ក្រុម?

ចម្លើយ៖ នេះគឺជាសំណួរល្អ។ យើងនឹងប្រឹងប្រែង ដាច់ខាតគឺយើងត្រូវតែទទួលបានលទ្ធផលល្អពីការប្រកួតនេះ ដោយសារតែយើងបានបាត់បង់ ០២ប្រកួតដំបូង វាជាបញ្ហាមួយដែរ អញ្ចឹងហើយដាច់ខាតយើងត្រូវតែជាក្រុមមួយបន្ត ប្រកួតប្រជែងយកពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំនេះ ទោះបីជាមានឧបសគ្គយ៉ាងណា ។

៣. បើសង្កេតមើលពីមតិរបស់អ្នកគាំទ្រមួយចំនួន ដែលបង្ហាញការយល់ឃើញថា ឆ្នាំនេះយើងមិនមានការផ្លាស់ប្តូរកីឡាករនោះទេ គឺរក្សានៅដដែល និងគួបផ្សំលទ្ធផលមិនល្អនាដើមរដូវកាល នាំពួកគាត់គិតថា ប្រព័ន្ធលេងរបស់យើង មិនមានការប្រែប្រួល និងត្រូវបានគូប្រកួត ងាយចាប់បាន។ តើលោកគ្រូមានទស្សនៈបែបណាចំពោះគំនិតនេះ ?

ចម្លើយ៖ ខ្ញុំគិតថា មតិរបស់ពួកគាត់គឺជាការយល់ឃើញរបស់ពួកគាត់បានគិត តែសម្រាប់ពួកយើងជាអ្នកបច្ចេកទេស គឺយើងដឹងច្បាស់ ។ នៅលើពិភពលោក ក្រុមបាល់ទាត់មួយគឺ
មិនអាច ផ្លាស់ប្តូរកីឡាករជាច្រើនទេ ហើយយើងក៏បាននិយាយពីដំបូងដែរថា ស្ថានភាព COVID នៅក្នុងប្រទេសយើង គឺនាំឱ្យយើងពិបាកក្នុងការរកកីឡាករ ជាពិសេសកីឡាករបរទេសថ្មីៗ ដើម្បីមកជួយក្រុម។ តែបើយើងក្រឡែកទៅមើលកីឡាករក្នុងក្រុមរបស់យើង គឺមិនទាន់មានសញ្ញាណាមួយដែលថាយើងបរាជ័យ ឬក៏ធ្លាក់ចុះនូវគុណភាពនោះទេ តែអ្វីដែលយើងធ្វើមិនបានល្អគឺ ការរៀបចំក្រុម និងរយៈពេលលេងរបស់យើងគឺឆ្ងាយពីគ្នាពេក។ ដូច្នេះការប្រមូលកីឡាករឱ្យត្រលប់មកការប្រកួតប្រជែងលើទីលាន គឺខ្វះចន្លោះ ប៉ុន្តែមិនមានន័យថាយើងមិនមានសមត្ថភាព ក្នុងការប្រកួតប្រជែងក្នុងលីគនៅឆ្នាំនេះទេ។ តែទោះបីយ៉ាងណាក៏ខ្ញុំទទួលស្គាល់ ថាយើងមានកីឡាករដដែល តែយើងនឹងកែប្រែស្ថានភាពនេះឱ្យកាន់តែល្អប្រសើរឡើងវិញ នេះជាអ្វីដែលយើងត្រូវធ្វើបន្តទៀត។

៤. អំពីការប្រកួតក្នុងខែឧសភានេះ យើងមានការប្រកួតចំនួន ០៣ គឺ អាស៊ីអឺរ៉ុប, អង្គរថាយហ្គឺរ និង សូលទីឡូអង្គរ ។ លោកគ្រូមានទិសដៅ និងផែនការបែបណា?

ចម្លើយ៖ ទិសដៅយើងគឺ ដាច់ខាតត្រូវតែឈ្នះការប្រកួតទាំងនេះ នេះជាអ្វីដែលយើងត្រូវធ្វើ ហើយយើងនឹងជំនះគ្រប់ស្ថានភាពទាំងអស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

៥. ការប្រកួតដែលស្ថានភាពជំងឺ COVID-19 នៅកម្ពុជា ពុំទាន់ធូរស្រាលនៅឡើយ ទាំងការធ្វើដំណើរ ការហ្វឹកហាត់ ដែលប្រហែលជាមិនបាន ១០០ភាគរយដូចកាលពីមុន ថាតើនឹងជះផលលំបាកអ្វីខ្លះដែរសម្រាប់ក្រុម ?

ចម្លើយ៖ វាជាការពិត វាជះឥទ្ធិពល ប៉ុន្តែដាច់ខាតយើងត្រូវតែសម្របខ្លួនដើម្បីរស់នៅក្នុងស្ថានភាពបែបនេះ បើមិនអញ្ចឹងទេគឺទាំងយើង ទាំងកីឡាករ សុទ្ធតែមានហេតុផលជាច្រើនដែលធ្វើឱ្យយើងមិនអាចអភិវឌ្ឍខ្លួនបាន។ ដូច្នេះក្នុងនាមជាកីឡាករអាជីប ជាក្លិបបាល់ទាត់មួយ យើងដាច់ខាតត្រូវរស់នៅក្នុងស្ថានភាពបែបនេះ ហើយយើងត្រូវដោះស្រាយបែបណាដើម្បីអភិវឌ្ឍខ្លួនបន្តទៀត។

៦. សំណួរចុងក្រោយលោកគ្រូ ! ជំនួបជាមួយនឹងអាស៊ីអឺរ៉ុប យើងទើបតែជួបពួកគេក្នុងពានរង្វាន់ Pre-Season ដែលយើងរងបរាជ័យពីការវាយបករបស់ពួកគេ។ តើលោកគ្រូយល់ឃើញយ៉ាងណាដែរ ?

ចម្លើយ៖ យើងឃើញថាអាស៊ីអឺរ៉ុប មានកីឡាករបរទេសតំបន់ប្រយុទ្ធល្អ មានភាពលេចធ្លោ ដែលធ្វើឱ្យមានការប្រែប្រួលការលេងមួយចំនួន តែមិនមែនជាឧបសគ្គសម្រាប់ពួកយើងក្នុងការប្រកួតនេះទេ អញ្ចឹងយើងនឹងប្រឹងប្រែងដើម្បីយកឈ្នះការប្រកួតនេះឱ្យទាល់តែបាន ទោះស្ថិតក្នុងស្ថានភាពពិបាក ឬស្រួលបែបណាក៏ដោយ ។

សូមរំលឹកថា ឆ្លងកាត់ការប្រកួតដែលឈានដល់សប្តាហ៍ទី ៦ នៃលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ បឹងកេត បានឆ្លងកាត់ការប្រកួត ២លើករួចមកហើយ ដោយចាញ់ណាហ្គាវើលដ៍ ០-១ ក្នុងសប្តាហ៍ទី១ និងចាញ់ ភ្នំពេញក្រោន ១-២ ក្នុងសប្តាហ៍ទី ៥ ។ មូលហេតុដែលនាំឱ្យមានការពន្យាពេលការប្រកួតដទៃទៀតគឺដោយសារតែ កម្ពុជា ទទួលរងផលប៉ះពាល់ពីជំងឺ COVID-19 ពិសេសទាក់ទងនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ដែលអូសបន្លាយរហូតដល់បច្ចុប្បន្ននេះ ៕

pocari banner in-article