តាមការបញ្ជាក់អំពីអាការៈរបួសគឺ ដាវីន ត្រូវវះកាត់ដាក់ដែកនៅឆ្អឹងធំកំភួនជើង (Tibia) ខាងឆ្វេង ដូចនេះរូបគេនឹងត្រូវអវត្តមានពីទីលានរយ:ពេលយូរដោយត្រូវធ្វើការវះកាត់ និង សំរាករយៈពេលចម្លោះពី ៥ ដល់ ៦ខែ ។
ជុំវិញបញ្ហារបួសនេះ ខ្សែការពារជំនាញជើងឆ្វេងរូបនេះ បាន សម្តែងការសោកស្តាយ និងនិយាយថា៖ ” ខ្ញុំមានអារម្មណ៍ថាសោកស្តាយចំពោះរឿងនេះ ព្រោះខ្ញុំបានព្យាយាមក្នុងការហ្វឹកហាត់ដើម្បីជួយក្រុមក្នុងរដូវកាលថ្មីខាងមុខនេះ ប៉ុន្តែយ៉ាងណា ខ្ញុំនឹងខិតខំប្រឹងអំឡុងពេលសម្រាកព្យាបាល ដើម្បីត្រលប់មកវិញឱ្យបានលឿនបំផុត “។
គួរបញ្ជាក់ផងដែរថា វ៉ាំង ដាវីន បានទទួលរងរបួសក្នុងការហ្វឹកហាត់ អំឡុងពេល Pre Season ត្រៀមបើករដូវកាលនៅឯប្រទេសថៃ កាលពីសប្តាហ៍កន្លងទៅដែលនាំឱ្យរូបគេអវត្តមានពីហ្វឹកហាត់ និងមិនអាចជួយក្លិបក្នុងការប្រកួតប្រជែងលីគកំពូលកម្ពុជាដែលនឹងចូលមកដល់នាខែសីហាខាងមុខនេះឡើយ។
គ្រប់គ្នានៅក្លិបបឹងកេត សូមជូនពរឱ្យ ដាវីន ឆាប់ជាសះស្បើយពីរបួស និងត្រលប់មកជួយក្លិបវិញក្នុងពេលឆាប់ៗ ៕