Boeung Ket Football Club

ចំណាប់អារម្មណ៍កីឡាកររបស់យើង ជុំវិញប្រកួតទល់នឹងម៉ាឡេស៊ី

កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ១ ទល់នឹង ៣ នៅកីឡដ្ឋាន BISHAN ប្រទេសសិង្ហបុរី ដែលជាការប្រកួតបើកឆាកពូល B នៃព្រឹត្តិការណ៍ AFF SUZUKI CUP 2020 ។

កីឡាករ ០២រូបរបស់យើង គឺ ចាន់ វឌ្ឍនាកា និង សៀង ចន្ធា ស្ថិតក្នុងបញ្ជីជម្រើស ១១នាក់ដំបូង ខណៈពេលដែល ហ៊ុល គឹមហ៊ុយ, សេត រ៉ស៊ីប ស្ថិតនៅកៅអីបំរុង និង សឿត ណាវ៉ា មិនត្រូវបានស្ថិតក្នុងបញ្ជីប្រកួតនេះឡើយ។

វឌ្ឍនាកា ដែលបង្កើតឱកាសបញ្ចប់ទីជារឿយៗ ក្នុងការប្រកួតនេះ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា៖ “ ពួកយើងធ្វើការបានល្អជាក្រុម ហើយសប្បាយរីករាយក្នុងការលេង ដែលនាំអោយយើងអាចគ្រប់គ្រងបាល់បានច្រើន ទោះលទ្ធផលមិនសូវល្អក៏ដោយ ”

pic-support-article

មិនត្រឹមតែប៉ុណ្ណោះ ខ្សែប្រយុទ្ធដដែលរូបនេះក៏បានលើកឡើងអំពីកំរិតប្រកួតប្រជែងរវាងក្រុមទាំងពីរផងដែរថា៖ “ មិនលើសខ្វះគ្នាប៉ុន្មានទេ តែយើងអាចមើលឃើញពីការអភិវឌ្ឍន៍របស់ពួកយើង ” ។

វឌ្ឍនាកា បង្ហាញការជឿជាក់ថា ក្រុមនៅតែមានការរំពឹងខ្ពស់យ៉ាងមុតមុាំថានឹងធ្វើបានល្អបន្ថែមទៀត គ្រាដែលកម្ពុជា នឹងមានការប្រកួតជាបន្តបន្ទាប់ទៀតក្នុងពូល B ពោលគឺត្រូវជួបជាមួយនឹង ឥណ្ឌូនេស៊ី នៅថ្ងៃទី ៩ ក្រោយមកទៀតជួប ឡាវ នៅថ្ងៃទី ១៥ និងចុងក្រោយជួប វៀតណាម នៅថ្ងៃទី ១៩។

អំពីកីឡាករ សេត រ៉ស៊ីប វិញ ដែលរកគ្រាប់បាល់ដំបូងឱ្យកម្ពុជា នៅចុងម៉ោងនៃការប្រកួត ជាបាល់ពិន័យ១១ម៉ែត្រ បាននិយាយថា៖ “  វាគឺជាគ្រាប់បាល់ដ៏មានន័យមួយសម្រាប់ខ្ញុំ ក្នុងព្រឹត្តិការណ៍ SUZUKI CUP នេះ ដែលយើងទាត់ចូលក្រុមខ្លាំង ទោះវាគឺជាបាល់ប៉េណាល់ទីក៏ដោយ ”

pic-support-article1

ចំពោះកីឡាករវ័យក្មេង សៀង ចន្ធា វិញ ក៏បានសម្តែងអារម្មណ៍រីករាយផងដែរ ព្រោះនេះគឺជាលើកដំបូងដែលរូបគេបានលេងនៅក្នុងពានរង្វាន់ AFF SUZUKI CUP ។ ចន្ធា យល់ឃើញថា៖ “ ចំពោះកម្រិតនៃការលេង ខ្ញុំមើលឃើញថា គឺប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ តែយើងស្ទើរបទពិសោធន៍ដោយសារយើងទៅលើកនេះភាគច្រើនគឺយុវជន ដែលខុសពីគេមានកីឡាករចាស់ៗច្រើន ”

pic-support-article3

លើសពីនេះទៀត ចន្ធា បានប្តេជ្ញាចិត្តថា នឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពបន្តទៀត ដើម្បីទទួលបានលទ្ធផលល្អជូនអ្នកគាំទ្ររបស់យើង ។

គួរបញ្ជាក់ថាក្រុមជម្រើសជាតិកម្ពុជា នឹងបន្តជួបឥណ្ឌូនេស៊ី នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២១ នៅកីឡដ្ឋាន BISHAN ម៉ោង ៧:៣០នាទីយប់ ៕