ខ្សែបម្រើវ័យក្មេងរបស់ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ វ៉ាំង ដាវីន ត្រូវបានគ្រូបង្គោលក្រុមធំ លោក គឹមភក្តី ផ្តល់កិច្ចសន្យាឱ្យចូលរួមក្រុមធំសម្រាប់រដូវកាល ២០២១នេះ ។
នៅខែកក្កដា ឆ្នាំ ២០២០ ដាវីន បានចូលរួមជាមួយក្រុមយុវជនរបស់ក្លិបបឹងកេត ដោយទទួលបានការបង្ហាញខ្លួនដំបូងនៅថ្ងៃទី ២៦ ខែកក្កដា ទល់នឹងក្រុមយុវជនវិសាខា ក្នុងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ របស់សហព័ន្ធបាល់ទាត់កម្ពុជា ។ រូបគេរូបគ្រាប់បាល់ផ្លូវការដំបូងបង្អស់ឱ្យយុវជនបឹងកេត ក្នុងជំនួប ឈ្នះក្រុម HFCA ១៦-០។ មិនត្រឹមតែប៉ុណ្ណោះ ដាវីន ត្រូវបានកោះហៅចូលរួមការហ្វឹកហាត់ជាមួយក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ របស់សហព័ន្ធបាល់ទាត់កម្ពុជា ក្រោយចូលរួមជាមួយយុវជនបឹងកេត ត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ ។
ដោយមើលឃើញអំពីសមត្ថភាព និងការខិតខំប្រឹងប្រែង និងស្របតាមទស្សនវិស័យរបស់ក្លិប ក្នុងការត្រៀមលក្ខណៈសម្រាប់រដូវកាលថ្មី គ្រូបង្គោលក្រុមធំ លោក គឹម ភក្តី បានកោះហៅកីឡាករយុវជន ប៉ុន្មានរូបដើម្បីចូលរួមហ្វឹកហាត់ធ្វើតេស្ត ហើយ ដាវីន ក៏ត្រូវបានជ្រើសរើសជាកីឡាករក្រុមធំសម្រាប់រដូវកាល ២០២១នេះ ៕
នាព្រឹកថ្ងៃអង្គារ៍ ទី៥ ខែ មករា ឆ្នាំ ២០២១នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការដំណើរការឡើងវិញនៃការប្រកួតគ្រប់ប្រភេទរបស់ខ្លួនឡើងវិញ ដោយក្នុងនោះការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ អាយុ ក្រោម ១៨ឆ្នាំ និងការប្រកួតជម្រើសជើងឯកនារី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១៧ ខែ មករា តទៅ ។
គួរឱ្យដឹងថា ក្រុមបាល់ទាត់នារីក្លិបបឹងកេត កំពុងដំណើរការប្រកួតក្នុងពានរង្វាន់ជម្រើស ជើងឯកបាល់ទាត់នារី ដោយឆ្លងកាត់ការប្រកួតចំនួន៦សប្តាហ៍កន្លងទៅ ទទួលបានលទ្ធផល ស្មើ៣ប្រកួត និងបរាជ័យ ៣ប្រកួត ។
រីចំណែកឯក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ របស់យើងក៏កំពុងត្រៀមលក្ខណៈដើម្បីចូលរួមប្រកួតពានរង្វាន់យុវជនរបស់សហព័ន្ធទាំង២កម្រិតដូចគ្នាផងដែរ បន្ទាប់ពីបានប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតមិត្តភាពកន្លងមក។
ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ បឹងកេត ស្ថិតនៅពូល ក រួមជាមួយ កំពង់ឆ្នាំង, កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន រីឯ យុវជនអាយុក្រោម ១៨ឆ្នាំវិញ ស្ថិតនៅពូល ខ ជាមួយ ភ្នំពេញក្រោន, អាស៊ីអឺរ៉ុប, កងយោធពលខេមរភូមិន្ទ និង សាលាតម្រង់ទិសអភិវឌ្ឍន៍កណ្តាលភូមភាគខាងជើង ៕