ក្នុងការប្រកួតសប្តាហ៍ទី ៨ នៃក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២ រវាងក្លិបបឹងកេត ទល់នឹងក្លិបណាហ្គាវើលដ៍ បានបញ្ចប់ទៅកាលពីថ្ងៃទី ២៥ ខែ មិថុនា នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ដោយគ្រាប់បាល់តែ ១គ្រាប់ ស៊ុតបញ្ចូលទីដោយកីឡាករ សុះ ស៊ូហាណា បានជួយឱ្យណាហ្គាវើលដ៍ យកឈ្នះ ចំពោះមុខអ្នកទស្សនាផ្លូវការ ៧០០នាក់។
ការប្រកួតដំបូងឡើយត្រូវធ្វើឡើងនៅកីឡដ្ឋានខេត្តកំពង់ស្ពឺដែលជាទឹកដីរបស់ក្លិបណាហ្គាវើលដ៍ ប៉ុន្តែត្រូវសម្រេចផ្លាស់មកលេងនៅកីឡដ្ឋានរបស់បឹងកេតវិញ ដោយសារពុំទាន់រួចរាល់ ១០០ភាគរយ។
ក្រុមទាំងពីរបានបើកការប្រយុទ្ធទៅវិញទៅមក ដែលឃើញថាវគ្គទីមួយ កូនក្រុមរបស់លោក ហៅ សុជាតិ បានគៀបសង្គត់ខ្លាំងទៅលើតំបន់ការពាររបស់ណាហ្គាវើលដ៍ ប៉ុន្តែពុំមានគ្រាប់បាល់កើតឡើងនោះឡើយត្រឹម ៤៥នាទីនៃវគ្គទីមួយ។ លុះចូលដល់វគ្គទីពីរ ណាហ្គាវើលដ៍ បានផ្លាស់ប្តូរការលេង ដែលឃើញថាពួកគេបានគ្រប់គ្រងបាល់បានច្រើនជាងបឹងកេតវិញ និងនៅនាទី ៦២ កីឡាករ ស៊ូហាណា មានឱកាសទាត់បញ្ចូលទី ១គ្រាប់ នាំមុខ ស្របពេលដែលបឹងកេត បានព្យាយាមវាយបកវិញជារឿយៗ តែមិនមានគ្រាប់បាល់តទៀតឡើយ និងរក្សាលទ្ធផលដដែលនេះរហូតចប់ការប្រកួត។
ក្រោយចប់ការប្រកួតក៏មានការប៉ះទង្គិចគ្នាលើទីលានរវាងក្រុមទាំងពីរ ហើយក្នុងរបាយការណ៍នៃការប្រកួត លោកគ្រូ ហៅ សុជាតិ លោកគ្រូជំនួយ លី រ៉ាវី កីឡាករ កយ សាលីម និង កីឡាករ Taher ទទួលរងកាតក្រហម និងត្រូវអវត្តមានក្នុងប្រកួតបន្ទាប់ ។
នៅសប្តាហ៍នេះ ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២២ បឹងកេត នឹងត្រូវបន្តធ្វើដំណើរទៅប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ នៅស្តាតចាស់ វេលាម៉ោង ៦:៣០នាទីល្ងាច ក្នុងសប្តាហ៍ទី ៩ នៃក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ៕
ក្លិបបាល់ទាត់បឹងកេត មានកិត្តយសសូមប្រកាសដំណឹងជូនដល់សាធារណជន និងអ្នកគាំទ្រឱ្យបានជ្រាបថា លោកគ្រូ ហៅ សុជាតិ នឹងកាន់តំណែងជាគ្រូបង្គោលបណ្តោះអាសន្ន ជំនួសលោកគ្រូ គឹម ភក្តី ដែលមានបញ្ហាសុខភាព និងកំពុងត្រូវការពេលសម្រាកព្យាបាល។
ដូចនេះសម្រាប់ការប្រកួតចំពោះមុខក្នុងក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ដែលកំពុងដំណើរការដល់ជុំទី២នេះ លោកគ្រូ ហៅ សុជាតិ នឹងដឹកនាំក្រុមប្រកួត ក្នុងនាមជាគ្រូបង្គោលបណ្តោះអាសន្នរហូតដល់លោកគ្រូ គឹម ភក្តី ជាសះស្បើយ។
គ្រប់គ្នានៅក្លិបបាល់ទាត់បឹងកេត សូមជូនពរឱ្យលោកគ្រូ គឹម ភក្តី ឆាប់ជាសះស្បើយពីជំងឺ ដើម្បីត្រលប់មកដឹកនាំក្រុមជាបន្តទៀត ៕