Boeung Ket Football Club

គីមហ៊ុយ៖ “ យើងបានឆ្លងកាត់រឿងលំបាកជាច្រើន តែយើងនៅតែអាចដណ្តើមបានជើងឯក, ខ្ញុំពិតជារំភើប ”

ថ្ងៃនេះ ក្រុមការងារគេហទំព័រ boeungketfc.com បានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងអ្នកចាំទីវ័យក្មេង ហ៊ុល គីមហ៊ុយ ជុំវិញការចាប់ផ្តើមយ៉ាងល្អជាមួយក្លិបបឹងកេត ចាប់តាំងពីមករួមរស់កាលពីរដូវកាល ២០១៩កន្លងទៅ និងបានក្រសោបយកពានរង្វាន់ធំៗទាំងពីរ គឺ ពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំ ២០១៩ និង ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២០ និងទទួលបានពានរង្វាន់អ្នកចាំទីល្អជាងគេប្រចាំឆ្នាំ ២០១៩ និង ២០២០ថែមទៀតផង ។

pic-support-article

គីមហ៊ុយ, ចូរប្អូនប្រាប់ពីអារម្មណ៍របស់ប្អូន ចំពោះរដូវកាល ២០២០នេះ តើប្អូនទទួលបានអ្វីខ្លះ?

“ ខ្ញុំមានអារម្មណ៍រំភើបមែនទែន ដែលពួកយើងរួមរស់ជាមួយគ្នាពេញ១រដូវកាលនេះ ដោយឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដូចជាការកាត់បន្ថយប្រាក់ខែអំឡុងជំងឺ COVID-19 តែពួកយើងនៅតែតស៊ូ ខំប្រឹងហ្វឹកហាត់រហូតបានឈ្នះពានលីគ ”

pic-support-article2

អ្វីដែលប្អូនទទួលបានក្នុងរយៈពេល ២រដូវកាលនៅបឹងកេត ?

“ សម្រាប់ ២រដូវកាលរបស់ខ្ញុំជាមួយបឹងកេត គឺទទួលបានបទពិសោធន៍ច្រើនមែនទែន តាំងពីការរស់នៅលក្ខណៈ Professional ទាំងការហ្វឹកហាត់ អារម្មណ៍ប្រកួត ” ។

តើវាជារឿងមិននឹកស្មានមែនទេ ចំពោះប្អូនដែលទទួលបានសមទ្ធិផលលឿនក្នុងការចូលរួមជាមួយក្លិប?

“ គោលដៅរបស់ខ្ញុំពេលចេញពីសាលាបាល់ទាត់ជាតិ គឺពិតជាច្រើនមែនទែនសម្រាប់ខ្ញុំ ព្រោះដំបូងខ្ញុំគិតថាធ្វើយ៉ាងណាដណ្តើមឱ្យបានជម្រើស ១១នាក់ដំបូងសិន តែអ្វីដែលមិននឹកស្មានគឺ ឈ្នះពានអ្នកចាំទីល្អ នៅលីគកំពូលកម្ពុជា ២ឆ្នាំជាប់គ្នា ” ។

ពួកយើងនឹងត្រូវចូលរួមក្នុងពានរង្វាន់អន្តរជាតិ គឺ AFC CUP 2021 តើប្អូនយល់យ៉ាងណាដែរ ?

“ ចំពោះពានរង្វាន់ AFC CUP ដែលយើងនឹងចូលរួមនៅឆ្នាំ ២០២១ ខ្ញុំគិតថាជាឱកាសល្អដើម្បីឱ្យយើងអាចបង្ហាញសមត្ថភាពតទល់ជាមួយនឹងក្រុមខ្លាំងៗក្នុងតំបន់ ហើយក៏ជាឱកាសមួយដែលអាចឱ្យមជ្ឍដ្ឋានខាងក្រៅមើលអំពីសមត្ថភាពរបស់ពួកយើង នោះយើងនឹងមានឱកាសបានទៅលេងក្រៅស្រុកថែមទៀតផង ” ។

pic-support-article1

តើកត្តាអ្វីខ្លះ ដែលនាំប្អូនឱ្យជោគជ័យដូចបច្ចុប្បន្ននេះ ?
គឹមហ៊ុយ៖ ១. គោលដៅ ២. ការខិតខំប្រឹងប្រែង ៣. មិនបោះបង់ ។

pocari banner in-article

Mizuno៖ “ ខ្ញុំមានមោទកភាពចំពោះជ័យលាភីរបស់យើងក្នុងឆ្នាំនេះ ពិសេស គឺរដូវកាលមិនបរាជ័យ ”

ខ្សែបម្រើសញ្ជាតិជប៉ុន Mizuno Hikaru បានពិពណ៌នាអំពីរដូវកាល ២០២០ ដែលខ្លួនជាចំណែកមួយជួយក្លិប បឹងកេត ឈ្នះពានលីគកំពូលកម្ពុជា ជាលើកទី ៤ ក្នុងប្រវត្តិសាស្រ្ត និងជាលើកទី ២ របស់គេផងដែរ។

pic-support-article

“ ខ្ញុំពិតជារីករាយ ដែលពួកយើងបានក្លាយជាជើងឯកឆ្នាំ ២០២០នេះ ហើយពិសេសគឺ យើងមិនបរាជ័យ ខ្ញុំពិតជាមានមោទកភាពជាមួយលទ្ធផលនេះ ” ។ Mizuno ពន្យល់យ៉ាងដូច្នេះថា៖ “ ពួកយើងធ្វើការជាក្រុមបានល្អជាងឆ្នាំមុន ហើយទំនាក់ទំង គឺល្អចំពោះគ្រប់គ្នា មិនថានៅក្នុងទីលាន និងក្រៅទីលាន ”

“ នៅពេលដែលខ្ញុំឈ្នះពានកាលពីឆ្នាំ ២០១៧ ខ្ញុំមានអារម្មណ៍ថាពិតជាចង់ឈ្នះពាននេះម្តងទៀត ហើយទីបំផុតឆ្នាំនេះក៏កើតឡើង អញ្ចឹងខ្ញុំពិតជាសប្បាយចិត្ត

“ គោលដៅបន្តទៀតរបស់ខ្ញុំនៅឆ្នាំ ២០២១ គឺនៅតែជាជើងឯក តែងអ្វីដែលពិសេសនោះ គឺខ្ញុំនឹងព្យាយាមឈ្នះការប្រកួតក្នុងពានរង្វាន់ AFC CUP ព្រោះខ្ញុំបានលេង ២ដងហើយ (ឆ្នាំ ២០១៧ និង ២០១៨) ប៉ុន្តែមិនទទួលបានលទ្ធផលល្អសម្រាប់យើង អញ្ចឹងយើងនឹងព្យាយាមឱ្យបានលទ្ធផលល្អជាងនោះ ” ។

“ អ្នកគាំទ្រជាទីនឹករលឹក ខ្ញុំសូមសម្តែងការកោតសរសើរដល់អ្នកទាំងអស់គ្នា ព្រោះអ្នកទាំងអស់គ្នានេះហើយ ដែលបានធ្វើឱ្យពួកយើងរឹងមាំ ខ្លាំងក្លា ។ អរគុណដែលតែងតែផ្តល់ឱ្យពួកយើងនូវអារម្មណ៍ល្អៗក្នុងការប្រកួត ”

គួររំលឹកថា នៅក្នុងរដូវកាល ២០២០នេះ Mizuno Hikaru ទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង ចំនួន ១៤ប្រកួត ក្នុងចំណោម១៦ប្រកួត ឱ្យក្លិបបឹងកេត ខណៈរកគ្រាប់បាល់បាន ១គ្រាប់ និង Assist ១លើក ៕

pocari banner in-article

នាយកអភិវឌ្ឍយុវជនបឹងកេត លោក ហៅ សុជាតិ និយាយអំពីការត្រៀមលក្ខណៈរបស់ក្រុម U15 និង U18

លោក ហៅ សុជាតិ ដែលមានតួនាទីជានាយកអភិវឌ្ឍយុវជនបឹងកេត បានបង្ហាញអំពីទិសដៅ និងការរៀបចំក្រុមយុវជនពីរកម្រិត គឺអាយុក្រោម ១៥ឆ្នាំ និងក្រោម ១៨ឆ្នាំ ថាដែលត្រៀមចូលរួមប្រកួតពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រចាំឆ្នាំ ២០២០នេះ។

“ ជាការពិតទៅការរៀបចំ និងត្រៀមខ្លួនក្រុមយុវជនចូលរួមប្រកួតក្នុងពានរង្វាន់របស់សហព័ន្ធ គឺពួកយើងត្រៀមខ្លួនបានល្អដោយក្រុម U15 យើងបានធ្វើតេស្ដជ្រើសរើសកីឡាករយុវជនល្អៗមួយចំនួនមកពីតាមខេត្ត និងមួយចំនួនទៀតសិ្ថតនៅទីក្រុងភ្នំពេញ។ ចំណែក U18 វិញដោយសារឆ្នាំមុន យើងធ្វើមិនបានល្អ ហេតុដូចនេះហើយឆ្នាំនេះយើងមានការជំរុះ និងបន្ថែមសមាសភាពកីឡាករថ្មីៗមួយចំនួនដើម្បីជួយក្រុម ”

pic-support-article1

ជុំវិញការផ្អាកការប្រកួតជាបណ្តោះអាសន្នអំឡុងជំងឺ COVID-19 កំពុងស្ថិតក្នុងការព្រួយបារម្ភ លោកបានលើកឡើងថា៖ “ វាអាចផ្ដល់ផលប៉ះពាល់ដល់ការហ្វឹកហាត់របស់កីឡាករយើងដែរ ពីព្រោះមុនពេលមិនទាន់មានការផ្អាកនេះ ពួកយើងមានការហ្វឹកហាត់ជុំគ្នា ហើយពេលនេះយើងត្រូវឱ្យកីឡាករសំរាក ហើយពេលដែលពួកគាត់ត្រឡប់មកវិញយើងត្រូវរៀបចំសារជាថ្មី ”

លោកបន្តថា៖ “ យើងស្ដាយនូវអ្វីដែរយើងបានរៀបចំពីមុនមកតែយើងក៏ត្រូវគិតពីសុខភាព និងសុវត្ថិភាពរបស់ពួកគាត់ដែរ ហេតុដូចនេះយើងត្រូវបង្វំចិត្តអោយពួកគាត់សំរាកតាមការប្រកាសរបស់រាជរដ្ឋាភិបាល តែក្រុមគ្រូៗ ក៏បានដាក់លំហាត់មួយចំនួនអោយពួកគាត់ហាត់នៅផ្ទះ ដើម្បីរក្សាកំលាំងត្រឡប់មកងាយស្រួលក្នុងការរៀបចំក្រុមជាថ្មី ”

សម្រាប់កាលវិភាគប្រកួតរបស់ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ និងក្រោម ១៨ឆ្នាំ៖

123626322_3186597298136595_2697331328196120172_o

123139398_3184335451696113_3117339756553895015_o

ទេស សម្បត្តិ៖ “ រដូវកាលទីពីររបស់ខ្ញុំ បានធ្វើឱ្យខ្ញុំវិវត្តន៍ខ្លួនកាន់តែអាជីពជាងមុនថែមទៀត ”

ខ្សែការពារវ័យក្មេង ដែលមានកាយសម្បទារ៉ឹងមាំ កីឡាករ ទេស សម្បត្តិ បានបង្ហាញចំណាប់អារម្មណ៍ថាខ្លួនពិតជាពេញចិត្ត និងរីករាយចំពោះអ្វីដែលខ្លួនបានធ្វើ ជាមួយក្លិប ពិសេសការឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ។

ថ្លែងប្រាប់ក្រុមការងារព័ត៌មានរបស់គេហទំព័រ boeungketfc.com ខ្សែការពាររូបនេះបានរៀបរាប់ថា៖ “ សម្រាប់ខ្ញុំ នៅរដូវកាលទី២នេះ ខ្ញុំគិតថា ខ្ញុំធ្វើបានល្អ ហើយខ្ញុំព្យាយាមវិវត្តន៍ខ្លួនឱ្យទៅជា Professional ជាងរដូវកាលទី១ ដែលនៅបឹងកេត ”

pic-support-article

រូបគេបន្តថា៖ “ ខ្ញុំសប្បាយចិត្ត ដែលបានតបស្នងសងគុណទៅក្លិប ដែលក្លិបខំយកខ្ញុំមក ទាំងដែលក្លិបណាក៏អត់ទាក់ទងខ្ញុំ ។ មានអារម្មណ៍ថាអស្ចារ្យមែនទែន ដែលខ្ញុំបានធ្វើរឿងតបស្នងទៅក្លិបវិញ ក្នុងរយៈពេល ២ឆ្នាំនៅបឹងកេតនេះ ”

pic-support-article1

សូមបញ្ជាក់ថា ចាប់តាំងពីចូលរួមជាមួយក្លិបបឹងកេត ដែលជាការចាប់ផ្តើមបាល់ទាត់អាជីពលើកដំបូងរបស់ កីឡាករ ទេស សម្បត្តិ រូបគេបានជួយក្លិបឈ្នះពានរង្វាន់សម្តេចហ៊ុន សែន លើកទី១៣ កាលពីឆ្នាំ ២០១៩ និងឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ក្នុងឆ្នាំ ២០២០នេះ ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ សម្បត្តិ ត្រូវបានគ្រូបង្គោលផ្តល់សេចក្តីទុកចិត្ត ឱ្យក្លាយជាប្រធានក្រុម ដឹកនាំការប្រកួត នាពាក់កណ្តាលរដូវកាលទៀតផង ។

គោលដៅរបស់ ទេស សម្បត្តិ នៅឆ្នាំ ២០២១ ត្រូវបានរូបគេបកស្រាយថា៖ “ សម្រាប់ឆ្នាំក្រោយ គឺអត់ខុសប្លែកពីរាល់ដងទេ ខ្ញុំនឹងព្យាយាមជួយក្លិបឱ្យឈ្នះពានយ៉ាងហោចណាស់ ១ ឬបើអាចទាំងពីរតែម្តង ហើយខ្ញុំនឹងធ្វើឱ្យគេស្គាល់ពីក្រុមនៅស្រុកខ្មែរ ថាយើងរីកចំរើនខ្លាំងទៅៗ ពេលទៅលេងពាន AFC CUP ”

ជាចុងក្រោយ ទេស សម្បត្តិ បានផ្ញើសារថា៖ “ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រលើកទឹកចិត្តពួកយើង មិនថាពេលណា នៅកន្លែងណា ”

pocari banner in-article

សហព័ន្ធ ប្រកាសផ្អាកការប្រកួតរបស់ពានរង្វាន់យុវជន និងលីគបាល់ទាត់នារី ជាបណ្តោះអាសន្ន

នារសៀលថ្ងៃអង្គារ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីអំពីការប្រកាសផ្អាកការប្រកួតកីឡាបាល់ទាត់ជាបណ្តោះអាសន្ន នៃការប្រកួតជម្រើសជើងឯកជាតិលីគទី២ ជម្រើសជើងឯកបាល់ទាត់នារី ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger Futsal Cup និងជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ ឆ្នាំ ២០២០ ដោយសារការឆ្លងជំងឺ COVID-19 នៅកម្ពុជា ពិសេសនៅក្នុងទីក្រុងភ្នំពេញនាពេលថ្មីៗនេះ។

សេចក្តីជូនដំណឹង_ការផ្អាកការប្រកួតកីឡាបាល់ទាត់

តាមសេចក្តីជូនដំណឹងនេះផងដែរ សហព័ន្ធ មិនទាន់កំណត់ថ្ងៃដំណើរការប្រកួតឡើងវិញនៅឡើយទេ ដោយរង់ចាំរហូតមានការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា ។

គួរឱ្យដឹងថា ក្រុមបាល់ទាត់នារីក្លិបបឹងកេត កំពុងដំណើរការប្រកួតក្នុងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ដោយឆ្លងកាត់ការប្រកួតចំនួន ៦សប្តាហ៍កន្លងទៅ ទទួលបានលទ្ធផល ស្មើ៣ប្រកួត និងបរាជ័យ ៣ប្រកួត ។

pic-support-article2

រីចំណែកឯក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ របស់យើងក៏កំពុងត្រៀមលក្ខណៈដើម្បីចូលរួមប្រកួតពានរង្វាន់យុវជនរបស់សហព័ន្ធទាំង២កម្រិតដូចគ្នាផងដែរ បន្ទាប់ពីបានប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតមិត្តភាពកន្លងមក៕

ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ បឹងកេត ស្ថិតនៅពូល ក រួមជាមួយ កំពង់ឆ្នាំង, កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន រីឯ យុវជនអាយុក្រោម ១៨ឆ្នាំវិញ ស្ថិតនៅពូល ខ ជាមួយ ភ្នំពេញក្រោន, អាស៊ីអឺរ៉ុប, កងយោធពលខេមរភូមិន្ទ និង សាលាតម្រង់ទិសអភិវឌ្ឍន៍កណ្តាលភូមភាគខាងជើង ៕

pocari banner in-article

លោកគ្រូ គឹម ភក្តី ត្រូវបានតែងតាំងជាគ្រូបង្គោលផ្លូវការរបស់ក្លិបបាល់ទាត់បឹងកេត

[សេចក្តីប្រកាសព័ត៌មាន] ក្លិបបាល់ទាត់បឹងកេត មានកិត្តិយសសូមប្រកាសអំពីការតែងតាំងលោកគ្រូ គឹម ភក្តី ជាគ្រូបង្គោលផ្លូវការ ចាប់ពីពេលនេះតទៅ បន្ទាប់ពីលោកគ្រូបានដឹកនាំក្រុមទទួលបានលទ្ធផលយ៉ាងល្អក្នុងរដូវកាល ២០២០កន្លងទៅនេះ ។

pic-support-article

លោក បែ មករា អគ្គលេខាធិការបស់ក្លិប បានបកស្រាយអំពីការតែងតាំងនេះថា៖ “ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្លិប យើងពិតជាមានមោទកភាពចំពោះអ្វីដែលលោកគ្រូ ភក្តី បានធ្វើកន្លងមកជាមួយក្លិប ពិតណាស់គាត់បានដឹកនាំបឹងកេតឱ្យឈ្នះពានលីគកំពូលកម្ពុជា រដូវកាល ២០២០ និងជាលើកទី៤ក្នុងប្រវត្តិសាស្រ្តក្លិប ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គាត់ យើងបានបញ្ចប់រដូវកាលដោយមិនស្គាល់បរាជ័យទាល់តែសោះ ”

pic-support-article2

លោកបន្ថែមថា៖ “ ដោយមើលឃើញអំពីស្នាដៃរបស់គាត់ និងផែនការរៀបចំក្រុមរបស់គាត់ ស្របទៅតាមចក្ខុវិស័យរបស់ក្លិប ដែលផ្តោតទៅលើការអភិវឌ្ឍជាចម្បង ទើបយើងសម្រេចផ្តល់តួនាទីនេះទៅឱ្យគាត់ផ្លូវការតែម្តង ”

គួររំលឹកថា លោកគ្រូ គឹម ភក្តី បានចូលកាន់តួនាទីជាគ្រូបង្គោលបណ្តោះអាសន្ន ចាប់តាំងពីសប្តាហ៍ទី ៦ កន្លងមក ហើយបានឈ្នះពានគ្រូបង្វឹកឆ្នើមល្អដាច់គេ ប្រចាំខែ កក្កដា និង សីហា និងក្រសោបបានពានគ្រូបង្វឹកល្អជាងគេប្រចាំរដូវកាល ២០២០ថែមទៀតផង។

pic-support-article1

លើសពីនេះទៅទៀត លោក ក៏ធ្លាប់ស្ថិតក្នុងក្រុមការងារបច្ចេកទេស ដែលជួយឱ្យបឹងកេត គ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបទៀតផង កាលពីឆ្នាំ ២០១៩ ដែលលោកបានចូលមកបំពេញការងារនៅទីនេះ៕

គ្រូបង្គោលក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ ជុំវិញការចូលរួមពានរង្វាន់សហព័ន្ធ លើកដំបូង

លោកគ្រូ គង់ ចន្ថា គ្រូបង្គោលនៃក្រុមយុវជនបឹងកេត អាយុក្រោម ១៥ឆ្នាំ បានសម្តែងអារម្មណ៍រំភើប ក្រោយពីទទួលបានឱកាសដឹកនាំក្រុម ចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទាត់យុវជន ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រចាំរដូវកាល ២០២០-២០២១នេះ។

pic-support-article2

ថ្លែងប្រាប់ក្រុមការងារព័ត៌មានរបស់គេហទំព័រក្លិប boeungketfc.com គ្រូបង្វឹកកាន់អជ្ញាបណ្ឌ C របស់ AFC រូបនេះនិយាយថា៖ “ ជាដំបូងខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយ ដែលក្លិបបានផ្តល់ឱកាសឱ្យមកដឹកនាំក្រុមបឹងកេត U15 ដែលទើបនឹងបង្កើតឡើងក្នុងឆ្នាំនេះ ”

លោកបន្តថា៖ “ ទោះបីពួកយើងទើបបង្កើតថ្មីពិតមែន ប៉ុន្តែយើងបានត្រៀមលក្ខណៈរួចរាល់ហើយ ព្រោះក្នុងការប្រមូលផ្តុំហ្វឹកហាត់កន្លងមក កីឡាកររបស់យើងទាំងអស់បានបង្ហាញឆន្ទៈចង់ប្រកួត និងខិតខំប្រឹងហ្វឹកហាត់ ”

អតីតគ្រូជំនួយរបស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ បង្ហាញអំពីមហិច្ឆតារបស់ខ្លួនក្នុងឆ្នាំដំបូងដែលដឹកនាំក្រុមយុវជនអាយុក្រោម ១៥ឆ្នាំបឹងកេតថា៖ “ ចំពោះគោលដៅក្នុងពានរង្វាន់យុវជននេះ ខ្ញុំចង់ធ្វើឱ្យបានលទ្ធផលល្អ បើសិនជាអាចគឺឱ្យដល់វគ្គផ្តាច់ព្រ័ត្រ ឬលេខ១ កាន់តែល្អ ប៉ុន្តែយើងក៏មិនរំពឹងខ្ពស់ពេកនោះដែរ តែយើងនឹងខំឱ្យអស់ពីលទ្ធភាព ”

pic-support-article

មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូ ចន្ថា ចង់ឃើញយុវជនរបស់ខ្លួន មានឱកាសបង្ហាញសមត្ថភាព មានការអភិវឌ្ឍ ព្រោះថាសម្រាប់ថ្នាលយុវជន រឿងដែលសំខាន់ជាងលទ្ធផលនោះគឺការអភិវឌ្ឍ ។

សូមបញ្ជាក់ថា យុវជនបឹងកេត ស្ថិតនៅក្នុងពូល ក ជាមួយយុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង, យុវជនកងយោធពលខេមរភូមិន្ទ, យុវជនភ្នំពេញក្រោន និងយុវជន ព្រះខ័នរាជស្វាយរៀង ។

“ ខ្ញុំយល់ថាពូលរបស់យើងគឺសុទ្ធតែក្រុមខ្លាំង និងមួយវិញទៀត យុវជនរបស់ពួកគេសុទ្ធតែមានបទពិសោធន៍ច្រើនជាងយើងដែលទើបបង្កើតថ្មី តួរយ៉ាងដូចយុវជនភ្នំពេញក្រោន និងក្រុមផ្សេងៗទៀត អញ្ចឹងគឺវាមិនងាយស្រួលនោះទេសម្រាប់យើងក្នុងការរកពិន្ទុក្នុងពូល ប៉ុន្តែពួកយើងនឹងខំប្រឹងយកជ័យជម្នះឱ្យបាន ” លោក គង់ ចន្ធា បានលើកឡើង ។

ខាងក្រោមគឺជាកាលវិភាគប្រកួតរបស់ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ ក្នុងពានរង្វាន់សហព័ន្ធ រដូវកាល ២០២០-២០២១៖

pocari banner in-article