Boeung Ket Football Club

លោក គីម ភក្តី មើលឃើញពីចំណុចមួយចំនួនក្នុងជំនួបមិត្តភាព ៣ប្រកួតចុងក្រោយនេះ

ក្រោយពីចូលកាន់តួនាទីជាគ្រូបង្គោលបណ្តោះអាសន្នកាលពីពេលថ្មីៗនេះ លោក គីម ភក្តី បានដឹកនាំកីឡាករបឹងកេតធ្វើការហ្វឹកហាត់ និងប្រកួតមិត្តភាព៣លើកនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ មុនលីគកំពូលកម្ពុជាត្រឡប់មកវិញនៅចុងសប្តាហ៍នេះ។

ជាមួយនឹងលទ្ធផលដែលមានដូចជា ចាញ់ ណាហ្គាវើលដ៍ ២-០, ស្មើអាស៊ីអឺរ៉ុប ១-១ (រកគ្រាប់បាល់ដោយ ជា វេសលី) និងឈ្នះព្រះខ័នរាជស្វាយរៀង ៣-២ (រកគ្រាប់បាល់ដោយ សៀង ចន្ធា, Kenta និង នូរុណ) គ្រូបង្គោលរូបនេះនិយាយថាគោលដៅរបស់លោកគឺផ្តោតលើចំណុចសំខាន់ដូចជា៖ “ ការ ប្រមូល អារម្មណ៍ កីឡាករ ឱ្យវិលមករកការប្រកួតប្រជែងលើទីលានវិញ លក្ខខណ្ឌ កំលាំង និង របៀបលេង ដែលជាគោលការណ៍ របស់ក្រុម ដើម្បីឱ្យកីឡាករទាំងអស់យល់ និងធ្វើ ”

pic-support-article

សរុបមកក្រោយពីការប្រកួតសមជើងប៉ុន្មានប្រកួតនេះ លោកបានមើលឃើញពីលទ្ធផលដែលទទួលបានគឺ៖ “ ពួកគាត់យល់ដឹងបានលឿន តែក៏មានចំណុចខ្វះខាតមួយចំនួនដែលយើងត្រូវហ្វឹកហាត់ដើម្បីកែប្រែឱ្យទៅជាវិជ្ជមានវិញផងដែរ ”

pic-support-article1

គួរឱ្យដឹងថា ការប្រកួតលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២០ ដោយបឹងកេត នឹងបើកទ្វាកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ប្រកួតទល់នឹងក្រុមសូលទីឡូអង្គរ វេលាម៉ោង ៣រសៀល ស្របពេលដែលការប្រកួតមិនមានអ្នកទស្សនានោះឡើយ ៕

“ ពេលវេលាខ្លីសម្រាប់ការប្រមូលកម្លាំងនិងការហ្វឹកហាត់ តែយើងសង្ឃឹមថាពួកគេនឹងនៅតែធ្វើបានល្អ ”

គ្រូបង្គោលរបស់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត លោក ឈុន សុធារ័ត្ន បានបង្ហាញអំពីផលប៉ះពាល់មួយចំនួនរបស់កូនក្រុមក្រោយការត្រឡប់មកហ្វឹកហាត់ឡើងវិញដើម្បីត្រៀមលក្ខណៈមុនការប្រកួតសំខាន់ៗដែលនឹងចូលមកដល់ក្នុងខែកក្កដាខាងមុខនេះ។

pic-support-article

លោកគ្រូបានលើកឡើងថា៖ “ ដោយសារពេលវេលាប្រមូលផ្ដុំមានរយៈពេលខ្លី អញ្ចឹងហើយវាជាផលប៉ះពាល់ដល់ការប្រមូលកំលាំងនិងការហ្វឹកហាត់ ព្រោះយើងដឹងហើយថា ពួកយើងបានសម្រាកអស់រយៈពេលយូរដែរហើយ អំឡុងការផ្ទុះនៃមេរោគរាតត្បាត ”

យ៉ាងណាក៏ដោយ ក្នុងថ្ងៃដំបូងនៃការត្រឡប់មកប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ គ្រូបង្គោលរូបនេះនៅពុំទាន់ស៊ីជម្រៅលើការរៀបចំក្បួន និងបច្ចេកទេសឡើយ ដោយគ្រាន់តែឱ្យកីឡាករប្រមូលកម្លាំងមកវិញ ដោយការធ្វើលំហាត់ស្រាលៗប៉ុណ្ណោះ។

pic-support-article1

ចំពោះការត្រៀមប្រឈមមុខជាមួយនឹងគូប្រកួតក្នុងពានរង្វាន់ជម្រើសជើងឯកយុវជនរបស់សហព័ន្ធ និង KMH CUP លោក ឈុន សុធារ័ត្ន នៅតែមានសុទិដ្ឋិនិយមថា កីឡាករនឹងនៅតែធ្វើបានល្អគ្រប់ការប្រកួតទាំងអស់។

គួររំលឹកថាការចាប់ផ្តើមបន្តការប្រកួត គឺក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់បឹងកេត នឹងត្រូវជួបជាមួយក្រុមយុវជន អាយ.អេស.អាយ ដង្កោសែនជ័យ ថ្ងៃទី១៩ ខែ កក្កដា នៅទីលាន KMH PARK វេលាម៉ោង ៨ព្រឹក ដែលនេះជាការប្រកួតទី២ក្នុងពូល A នៃការប្រកួតជម្រុះដំណាក់កាលទី២ក្នុងពានរង្វាន់ជម្រើសជើងឯកយុវជនរបស់សហព័ន្ធ។

ចំណែកឯការប្រកួតពានរង្វាន់ក្រៅផ្លូវការ KMH CUP ឯនោះវិញ ក៏នឹងត្រឡប់ការប្រកួតឡើងវិញជាមួយនឹងការប្រកួតដែល យុវជនបឹងកេត ប្រកួតទល់នឹងយុវជន HFCA នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ ដែលជាការប្រកួតដំបូងក្នុងជុំទី២ ៕

លោក គីម ភក្តី បង្ហាញគោលដៅសំខាន់បី ក្នុងនាមជាគ្រូបង្គោលបណ្តោះអាសន្នរបស់ក្លិប

កាលពីពេលថ្មីៗនេះ ក្រោយក្លិបបាល់ទាត់បឹងកេតបានប្រកាសអំពីការចែកផ្លូវគ្នាជាមួយលោកគ្រូ Apisit Im Amphai ក៏មានការតែងតាំងលោក គីម ភក្តី ជាគ្រូបង្គោលបណ្តោះអាសន្នដើម្បីដឹកនាំក្រុមក្នុងការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំ ២០២០នេះ។

ជាមួយនឹងតួនាទីជាគ្រូបង្គោលបណ្តោះអាសន្ននេះ លោក គីម ភក្តី បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ សម្រាប់ខ្ញុំ វាគឺជាការទទួលខុសត្រូវច្រើនជាងមុន ព្រោះជាការអនុវត្តន៍ផ្ទាល់ជាមួយកីឡាករ តែយ៉ាងណាក៏ដោយ ខ្ញុំរីករាយនឹងការងារដែលក្លិបត្រូវការ ក្នុងគ្រាដ៏លំបាកនេះ ហើយខ្ញុំនឹងខំប្រឹងឱ្យអស់ពីលទ្ធភាពដែលអាចធ្វើបាន ”

pic-support-article

មិនត្រឹមតែប៉ុណ្ណោះ នាយកបច្ចេកទេសរបស់ក្លិបបឹងកេតរូបនេះ ក៏បានបង្ហាញអំពីការតាំងចិត្តក្នុងគ្រាដែលលោកដឹកនាំជាគ្រូបង្គោលនេះថា៖ ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នា នឹងរួមគ្នាបង្កើតឆន្ទៈរួមគ្នា ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ត្រូវតែប្រកួតប្រជែងជើងឯក ទាំងក្នុងលីគ និងពានរង្វាន់សម្តេចហ៊ុនសែន ហើយគោលដៅ៣ ដែលខ្ញុំនឹងរៀបចំ គឺ បំផុសឆន្ទៈកីឡាករក្នុងការប្រកួតប្រជែង, បណ្តុះស្មារតីក្រុម (មានន័យថាក្រុមមួយដែលមានភាពជឿជាក់ក្នុងការប្រកួត) និងទី៣ គឺអភិវឌ្ឍកីឡាករទាំងអស់ឱ្យមានសមត្ថភាពក្នុងការចូលរួមប្រកួតប្រជែង ”

 

គួរឱ្យដឹងថា ការប្រកួតលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២០ ដោយបឹងកេត នឹងបើកទ្វាកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ប្រកួតទល់នឹងក្រុមសូលទីឡូអង្គរ វេលាម៉ោង ៣រសៀល ស្របពេលដែលការប្រកួតមិនមានអ្នកទស្សនានោះឡើយ ៕

កីឡាករ ទូច បញ្ចរ៉ុង ប្រកាសចូលនិវត្តន៍ និងក្លាយខ្លួនជាក្រុមការងារគ្រូបង្វឹកយុវជន U-18

ខ្សែការពារមានបទពិសោធន៍ជោគជាំក្នុងអាជីពរបស់ខ្លួន គឺកីឡាករ ទូច បញ្ចរ៉ុង បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៣៣ឆ្នាំ និងក្លាយខ្លួនជាក្រុមការងារគ្រូបង្វឹករបស់យុវជនអាយុក្រោម១៨ឆ្នាំនៃក្លិបបឹងកេត។

ជាមួយនឹងការសម្រេចចិត្តដ៏លំបាកនេះ បញ្ចរ៉ុង បានបង្ហាញអំពីចំណាប់អារម្មណ៍ខ្លួនថា៖  និយាយទៅការសម្រេចចិត្តរបស់ខ្ញុំនេះគឺមាន២ចំណុច ទីមួយគឺចង់អភិវឌ្ឍនខ្លួនឯងបន្ថែមទៀតក្នុងវិស័យបាល់ទាត់ដែរតែក្នុងលក្ខណៈជាគ្រូបង្វឹក ហើយទីពីរ គឺខ្ញុំចង់ផ្តល់ឱកាសឱ្យប្អូនៗជំនាន់ក្រោយអភិវឌ្ឍខ្លួនបានលឿនដើម្បីទុកកន្លែងឱ្យពួកគាត់ ” ។ ថ្វីត្បិតតែត្រូវបានផ្លាស់ប្តូរពីកីឡាករមកជាគ្រូ បញ្ចរ៉ុង បានអះអាងថាវាមានផលលំបាកខ្លះដែរ ព្រោះវាគឺជាការចាប់ផ្តើមដំបូងរបស់ខ្លួន ។

pic-support-article

មិនត្រឹមតែប៉ុណ្ណោះ អតីតកីឡាករដែលប្រកបអាជីពនៅក្លិបបឹងកេតយូរជាងគេរូបនេះ ក៏បានជ្រើសរើសកីឡាករមួយរូប ដែលកំពុងល្អដូច្នេះថា ៖ “ ចំពោះខ្ញុំ បច្ចុប្បន្នខ្សែការពារដែលកំពុងល្អ និងខំប្រឹងគឺ ទេស សម្បត្តិ និង ស្លេះ ស៊េន ពួកគាត់ទាំងពីរអ្នកនេះគឺឥលូវនេះគឺល្អក្នុងទម្រង់លេងរបស់គាត់ ដែលពីមុនគាត់នៅស្ទើរច្រើន ”  ។

pic-support-article1

គួររំលឹកថា កីឡាករ ទូច បញ្ចរ៉ុង បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លិបបឹងកេត ចាប់ពីរដូវកាល ២០១២ ដោយជួយក្លិបឈ្នះពានលីគកំពូលកម្ពុជា ៣សម័យកាល ( ២០១២, ២០១៦ និង ២០១៧ ) និងឈ្នះពានរង្វាន់សម្តេចហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅឆ្នាំ ២០១៩ថ្មីៗនេះទៀតផងដែរ។ ក្នុងនោះផងដែរ រូបគេក៏ធ្លាប់ជាប់ជម្រើសជាតិជាច្រើនឆ្នាំផងដែរ ដោយមានដូចជា យុវជនអាយុក្រោម១៩ឆ្នាំ ក្រោម ២២ឆ្នាំ និងក្រោម ២៣ឆ្នាំ ព្រមទាំងឈុតធំទៀតផង ហើយនៅឆ្នាំ ២០០៩ ធ្លាប់ជួយកម្ពុជា U-23 ឈ្នះពាន BIDC CUP ថែមទៀតផង។

សូមជូនពរដល់ បញ្ចរ៉ុង ទទួលបានជោគជ័យនៅក្នុងការងារបន្តទៀតជាជំនួយការគ្រូបង្វឹកក្នុងក្រុមយុវជនបឹងកេតអាយុក្រោម១៨ឆ្នាំ ៕

ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត នឹងចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ឡើងវិញថ្ងៃព្រហស្បតិ៍នេះ

ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យរៀបចំការប្រកួតបាល់ទាត់កម្រិតយុវជនឡើងវិញក្នុងនោះការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ នឹងបន្តការប្រកួតពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២០តទៅ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត នឹងចាប់ផ្តើមការហ្វឹកហាត់ឡើងវិញពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែ មិថុនា តទៅ។

ការចាប់ផ្តើមបន្តការប្រកួតនេះ មានន័យថាក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់បឹងកេត នឹងត្រូវជួបជាមួយក្រុមយុវជន អាយ.អេស.អាយ ដង្កោសែនជ័យ ថ្ងៃទី១៩ ខែ កក្កដា នៅទីលាន KMH PARK វេលាម៉ោង ៨ព្រឹក ដែលនេះជាការប្រកួតទី២ក្នុងពូល A នៃការប្រកួតជម្រុះដំណាក់កាលទី២។

81120849_2439944479468551_7111392332280233984_o

គួររំលឹកថា ក្នុងពានរង្វាន់នេះ យុវជនបឹងកេត បានឆ្លងផុតដំណាក់កាលទី១ ដោយឈរកំពូលតារាងមាន ១២ពិន្ទុ ប្រកួតឈ្នះទាំង៤លើក ក្នុងនោះរួមមាន៖ ឈ្នះដង្កោសែនជ័យ ៣-២, ឈ្នះសាលាតម្រង់ទិសរាជធានីភ្នំពេញ ៦-០, ឈ្នះយុវជននគរបាលជាតិ ៩-០ និងឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ៧-០ ។ រីឯក្នុងប្រកួតទី១នៅដំណាក់កាលទី២ បានយកឈ្នះលើយុវជនភ្នំពេញក្រោន ៥ ទល់នឹង ២ ផងដែរ។

87123995_2538062542990077_4676308732018163712_o

ជាមួយគ្នានោះផងដែរ ក្នុងការប្រកួតពានរង្វាន់ក្រៅផ្លូវការ KMH CUP ឯនោះវិញ ក៏នឹងត្រឡប់ការប្រកួតឡើងវិញជាមួយនឹងការប្រកួតដែល យុវជនបឹងកេត ប្រកួតទល់នឹងយុវជន HFCA នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ ដែលជាការប្រកួតដំបូងក្នុងជុំទី២ ៕

សេចក្តីប្រកាសព័ត៌មាន !!!

ក្លិបបាល់ទាត់បឹងកេត មានកិត្តិយសសូមប្រកាសជូនដំណឹងជាផ្លូវការដល់សាធារណជន និងសារព័ត៌មានឱ្យបានជ្រាបថា ក្លិប និងគ្រូបង្វឹក APISIT IM AMPHAI បានឈានដល់ការយល់ព្រមលើការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរជាផ្លូវការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារតែលោកគ្រូមានភារកិច្ចផ្ទាល់ខ្លួននៅប្រទេសកំណើត។

IMG_0191

គ្រប់គ្នាទាំងអស់នៅក្លិបបឹងកេត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ Apisit ដែលបានចូលរួមចំណែកដឹកនាំក្លិបក្នុងការប្រកួតកន្លងមក និងសូមជូនពរលោកគ្រូ ជួបតែសំណាងល្អ ។

ស្ថិតក្នុងពេលវេលានេះ ក្លិបក៏បានចាត់តាំងលោក គីម ភក្តី មានតួនាទីជានាយកបច្ចេកទេសរបស់ក្លិប ដឹកនាំជាបណ្តោះអាសន្នរហូតដល់មានការប្រកាសតែងតាំងគ្រូបង្វឹកថ្មីនាពេលខាងមុខ៕

លោកគ្រូ Apisit បង្ហាញចំណាប់អារម្មណ៍អំពីការត្រឡប់មកប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ

ក្រោយពីទទួលដំណឹងអំពីការអនុញ្ញាតឱ្យដំណើរការសកម្មភាពប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតបាល់ទាត់ឡើងវិញ ពីក្រសួងអប់រំ យុវជននិងកីឡា ក្លិបបាល់ទាត់បឹងកេត បានចាប់ផ្តើមការប្រមូលផ្តុំហ្វឹកហាត់ជាលើកដំបូងកាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០។

ជុំវិញការត្រឡប់មកចាប់ផ្តើមហ្វឹកហាត់សារជាថ្មី ក្រោយពីសម្រាករយៈពេលជិត ២ខែ កន្លងទៅ លោក Apisit Im-Amphai គ្រូបង្វឹករបស់ក្លិបបឹងកេត បាននិយាយថា៖ “ ខ្ញុំគិតថាគ្រប់គ្នាដែលធ្វើការក្នុងវិស័យកីឡា ពិតជាសប្បាយចិត្ត ដែលរដ្ឋាភិបាលបានអនុញ្ញាតឱ្យពួកគេត្រឡប់មកបន្តការប្រកួតប្រជែង និងហ្វឹកហាត់ឡើងវិញ ”

DSC00262

លោកបន្ថែមថា៖ “ ឥលូវនេះ ខ្ញុំអាចមើលឃើញនូវអ្វីដែលកីឡាកររបស់យើងបានត្រឡប់មកហ្វឹកហាត់ចំនួន ២លើកកន្លងទៅ ហើយខ្ញុំពិតជារីករាយចំពោះពួកគេ ដែលអាចរក្សាកម្លាំង និងកាយសម្បទាបានល្អ ការត្រលប់មកវិញក្នុងពេលនេះ គឺល្អសម្រាប់យើងក្នុងការបន្តការងារទៅមុខទៀត ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការហ្វឹកហាត់ ដូចនេះយើងនឹងត្រៀមខ្លួនដើម្បីធ្វើឱ្យបានល្អតទៅទៀត ”

pic-support-article

ចំពោះពេលវេលាសម្រាកដ៏យូរកន្លងទៅ បុរសសញ្ជាតិថៃរូបនេះ បាននិយាយថា “ គ្រប់ក្រុមទាំងអស់គឺសុទ្ធតែជាគូប្រកួតដ៏តានតឹងសម្រាប់បឹងកេត ប្រសិនបើយើងមើលងាយលើពួកគេ ”

សូមរំលឹកថា ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី ១៨ ខែ មីនា កន្លងទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃមេរោគ COVID-19 ហើយគិតមកទល់នឹងពេលនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ពុំទាន់ចេញនូវកាលវិភាគថ្មីនៅឡើយទេ ៕

ពានរង្វាន់ KMH CUP នឹងបន្តការប្រកួតឡើងវិញនៅពាក់កណ្តាលខែកក្កដាខាងមុខ

ក្រោយពីមានកិច្ចប្រជុំរវាងគណៈកម្មការរៀបចំការប្រកួត និងតំណាងក្លិបដែលចូលរួម កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ ពានរង្វាន់ KMH CUP នឹងបន្តការប្រកួតរបស់ខ្លួនពីថ្ងៃទី ១៥ ខែ កក្កដា ខាងមុខ ប៉ុន្តែត្រូវស្ថិតក្នុងលក្ខខណ្ឌមួយចំនួនត្រូវអនុវត្ត។

101102882_3069310336489830_6379806814468308992_o

 

ក្រោយពីទទួលបានដំណឹងនៃការត្រៀមរៀបចំឡើងវិញនៃការប្រកួតក្នុងពានរង្វាន់ KMH CUP ឆ្នាំ ២០២០នេះ លោកគីម ភក្តី ដែលជានាយកបច្ចេកទេសរបស់ក្លិបបាល់ទាត់បឹងកេតបាននិយាយថា៖ “ ចំពោះបច្ចុប្បន្នភាពនៃពានរង្វាន់នេះ ក្រុមយុវជនបឹងកេត អាយុក្រោម១៨ឆ្នាំរបស់យើង នឹងចាប់ផ្តើមការប្រមូលផ្តុំហ្វឹកហាត់វិញ នៅ២សប្តាហ៍ខាងមុខ ដោយរង់ចាំការឯកភាពពីប្រធានក្លិបជាមុនសិន  ។

picsupport2

គួរឱ្យដឹងថា ពានរង្វាន់យុវជនមួយនេះ បានផ្អាកកាលពីថ្ងៃទី ១៥ ខែ មីនាកន្លងទៅ ដោយយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ប្រកួតបានចំនួន ៣ប្រកួតរួចមកហើយ ដោយបញ្ចប់ជើងទី១ យកឈ្នះ យុវជន HFCA U-18 លទ្ធផល ១៧ ទល់នឹង ១ ក្រោយមកឈ្នះយុវជនវិសាខា U-16 លទ្ធផល ៣ ទល់នឹង ១ និងឈ្នះ យុវជនព្រះខ័នរាជស្វាយរៀង លទ្ធផល ៣ ទល់នឹង ០។

picsupport

សម្រាប់ការប្រកួតជើងទី២ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៥ ខែ កក្កដា ខាងមុខនេះតទៅ ដោយបឹងកេត ត្រូវជួបប្រកួតជាមួយក្រុមទាំង ៣ខាងលើម្តងទៀត ដើម្បីស្វែងរកក្រុមឡើងទៅកាន់វគ្គបន្ទាប់។

សូមជម្រាបអំពីលក្ខន្តិកៈនៃការប្រកួត គឺក្រុមទាំងអស់នឹងប្រកួតក្នុងពូលលក្ខណៈវិលជុំ ( ២ជើង ) សន្សំពិន្ទុដើម្បីស្វែងរកក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ ដើម្បីឡើងទៅកាន់ជុំបន្ទាប់ ដែលហៅថាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពូលទាំងពីរ ដោយនឹងប្រកួតលក្ខណៈវិលជុំជាបន្តទៀត។ លុះចូលដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រឈមមុខគ្នាដណ្តើមចំណាត់ថ្នាក់លេខ ៣ គ្រាដែលក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងតទល់គ្នាដណ្តើមពានរង្វាន់។