លោក ហៅ សុជាតិ ក្នុងតួនាទីជានាយកបណ្តុះបណ្តាលយុវជនរបស់ក្លិបបឹងកេត បានបង្ហាញអារម្មណ៍រីករាយក្នុងការនាំយក កីឡាករកូនកាត់ ខ្មែរ-នូវែលសេឡង់ មកកាន់ក្រុមធំ គឺ លឹម អារុណ រ៉េយមិន ។
“ ការដែលយើងនាំយកគាត់មកឈុតធំនេះ ដោយសារយើងបានមើលឃើញពីគុណភាពរបស់គាត់ ក្នុងការហ្វឹកហាត់ និងការប្រកួត។ សមត្ថភាពរបស់គាត់ អាចជួយ និងបំពេញចន្លោះខ្វះខាតរបស់ក្រុមមួយចំនួនបាន ហើយអ្វីដែលកាន់តែពិសេសនោះ គឺនេះក៏ជាចក្ខុវិស័យមួយរបស់ក្លិបផងដែរ ដែលតែងតែលើកទឹកចិត្ត និងអភិវឌ្ឍយុវជនឱ្យមានគុណភាព និងការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីមានឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិ ” ។
លោក ហៅ សុជាតិ ក៏បានរំលឹកថា មានកីឡាករយុវជនកន្លងមកដែលត្រូវបានតម្លើងមកកាន់ក្រុមធំ ដែលមានដូចជា៖ កីឡាករ ស្រ៊ី ពិសិដ្ឋ, ហ៊ត ឈិនជិន និង ជឿន ពិសាខបូរមី ហើយនិងមានជាបន្តបន្ទាប់ទៀត។
គួររំលឹកថា លឹម អារុណ រ៉េយមិន មានវ័យ ១៧ឆ្នាំ កម្ពស់ ១,៨០ម៉ែត្រ លេងក្នុងតួនាទីជាខ្សែបម្រើ ( បម្រើការពារ និងបម្រើប្រយុទ្ធ) ។ អារុណ ស្ថិតក្នុងក្រុមយុវជនក្លិបបឹងកេត ក្នុងឆ្នាំកន្លងមក ប៉ុន្តែពុំសូវមានឱកាសបង្ហាញខ្លួននោះទេ ដោយសារតែរូបគេជាប់សិក្សានៅប្រទេសកំណើត ដែលនៅទីនោះ រូបគេបានលេងបាល់ទាត់ឱ្យក្លិប Melville united ក្នុងតំបន់ផងដែរ។
អារុណ ធ្លាប់ជាប់ក្នុងក្រុមយុវជនជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ទៅចូលរួមព្រឹត្តិការណ៍បាល់ទាត់នៅប្រទេសជប៉ុន កាលពីដើមឆ្នាំ ២០២០នេះផងដែរ រួមជាមួយមិត្តរួមក្រុម លី ម៉ាឯល ដែលលេងឱ្យបឹងកេត យុវជនអាយុក្រោម ១៨ឆ្នាំ ៕
នាព្រឹកថ្ងៃពុធ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីជូនដំណឹងអំពី កាលបរិច្ឆេទនៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុនសែន សម្រាប់រដូវកាលថ្មី។
ក្នុងនោះការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន លើកទី១៥ ឆ្នាំ ២០២១ នឹងត្រូវបែងចែកការប្រកួតជាពីរប្រភេទ៖
-ថ្នាក់ខេត្ត ចាប់ពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២១។
-ថ្នាក់ជាតិ ចាប់ពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១។
រីចំណែកឯការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២១វិញ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២១។
គួររំលឹកថា ក្លិបបាល់ទាត់បឹងកេត បានចាប់ផ្តើមការហ្វឹកហាត់ត្រៀមសម្រាប់រដូវកាលថ្មី កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០កន្លងទៅនេះ ប៉ុន្តែត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងនៃមេរោគ COVID-19 ។
គិតត្រឹមបច្ចុប្បន្ននេះ ក្លិបបានប្រកាសបន្តកុងត្រាជាមួយកីឡាករបរទេស ២រូប រួមមាន កីឡាករជប៉ុន Mizuno Hikaru និង កីឡាករកូដឺវ័រ Anderson Zogbe ៕
យុវជនវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត សៀង ចន្ធា ដែលទើបធ្វើការផ្លាស់ពីសាលាបាល់ទាត់ជាតិបាទី កាលពីចុងឆ្នាំ ២០១៩កន្លងទៅ បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលបានដើរតាមក្តីស្រមៃរបស់ខ្លួន ពោលគឺជួយក្លិបឈ្នះពានរង្វាន់លីគកំពូលកម្ពុជា នារដូវកាល ២០២០កន្លងទៅនេះ។
សៀង ចន្ធា៖ “ សម្រាប់ខ្ញុំ ខ្ញុំសប្បាយចិត្តខ្លាំង ដោយមុនចូលមកក្នុងក្លិបបឹងកេត ខ្ញុំបាននិយាយថា ខ្ញុំនឹងប្តេជ្ញាចិត្តរកពានរង្វាន់ឱ្យក្លិប ហើយឥលូវខ្ញុំបានសម្រេចគោលបំណងរបស់ខ្ញុំ ឈ្នះពានដំបូងជាមួយក្លិប ខ្ញុំសប្បាយចិត្តមែនទែនហើយខ្ញុំក៏អរគុណដល់ បងស្រីម្ចាស់ក្លិប និងក្រុមការងារក្លិបបឹងកេត ព្រមទាំងការអ្នកគាំទ្របឹងកេតទាំងអស់ សម្រាប់ការស្វាគមន៍ខ្ញុំនៅឆ្នាំដំបូងរបស់ខ្ញុំ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងតែងតែជំរុញទឹកចិត្តឱ្យខ្ញុំបានមកដល់ចំណុចនេះ ” ។
អំពីរយៈពេល១រដូវកាលកន្លងទៅនេះ ចន្ធា បានរៀបរាប់អំពីអ្វីដែលខ្លួនទទួលបាន និងការប្តេជ្ញាចិត្តចំពោះរដូវកាលបន្ទាប់ទៀតថា៖ “ រយៈពេល ១ឆ្នាំដំបូងរបស់ខ្ញុំ វាល្អដូចអ្វីដែលខ្ញុំគិត ។ ទីមួយគឺការរៀបចំរបស់ក្លិប ទីពីរ កីឡាករមានគុណភាពល្អ អញ្ចឹងហើយធ្វើឱ្យបទពិសោធន៍របស់ខ្ញុំកាន់តែកើនឡើង សម្រាប់ឆ្នាំក្រោយ ២០២១នេះ យើងមានការប្រកួត AFC CUP អញ្ចឹងខ្ញុំនឹងប្តេជ្ញាចិត្តថាធ្វើឱ្យបានកាន់តែល្អ ដើម្បីជួយឱ្យក្លិបបឹងកេត ឱ្យទទួលបានលទ្ធផលល្អ និងបន្តដំណើរឆ្ពោះទៅមុខទៀត ” ។
គួររំលឹកថា ពេញមួយរដូវកាល ២០២០នេះ សៀង ចន្ធា បង្ហាញវត្តមានឱ្យក្លិបក្នុងលីគកំពូលកម្ពុជា គ្រប់ការប្រកួតទាំងអស់ រកគ្រាប់បាល់បានចំនួន ៩គ្រាប់ និងបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ១៦លើក ៕